ការសិក្សានៅសាលាមធ្យមសិក្សាបច្ចេកទេសនៅប្រទេសជប៉ុន College of Technology

ចែករំលែក

មាតិកា

តើសាលាមធ្យមសិក្សាបច្ចេកទេសជាអ្វី

សាលាមធ្យមសិក្សាបចេ្ចកទេសជាភាសាជប៉ុនគឺ 高等専門学校(Collge of Technology) ដែលហៅកាត់ដោយខ្លីថា 高専(ខូសិន) គឺជាស្ថាប័នអប់រំមួយពិសេសមានតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ជប៉ុនគ្មានអ្វីនៅសល់ទេ។ ប៉ុន្តែដោយសារកត្តាជាច្រើនរួមទាំងជំនួសពីបរទេសនិងការខិតខំប្រឹងប្រែងរបស់ប្រជាជនផង២០ឆ្នាំក្រោយគឺក្នុងកំឡុងឆ្នាំ១៩៦០សេដ្ឋកិច្ចជប៉ុនកើនឡើងលើសពីការរំពឹងទុក។ ពេលនោះកង្វះអ្នកបច្ចេកទេសបានចោទជាបញ្ហាជាខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលជប៉ុនបានរៀបគម្រោងខូសិននេះដោះគិតថាកាលណាសិស្សរៀនចប់អនុវិទ្យាល័យគេនឹងត្រូវចំណាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះដើម្បីរៀនជំនាញឲ្យក្លាយជាអ្នកបច្ចេកទេស។ ហេតុនេះនាំឲ្យមានការបង្កើតខូសិនឡើងដោយបម្លែងការសិក្សាវិទ្យាល័យ៣ឆ្នាំ+សកល៤ឆ្នាំទៅត្រឹមតែ៥ឆ្នាំដោយផ្នោតសំខាន់លើការអនុវត្តជាក់ស្តែងសម្រាប់មុខរបរជំនាញ។

ការពេញនិយមមានតាំងពីសម័យនោះរហូតមកទល់បច្ចប្បន្ន។ គេតែងតែស្គាល់ថាខូសិនជាសាលាសម្រាប់អ្នកចង់ធ្វើការលឿន។ ហើយចំពោះក្រុមហ៊ុនបច្ចេកទេសវិញខូសិនជាមុខសញ្ញាធំសម្រាប់ពួកគេ។ មូលហេតុគឺថាខូសិនផ្តោតលើសមត្ថភាពធ្វើឬបង្កើតជាជាងសមត្ថភាពបែបទ្រឹស្តីឬស្រាវជ្រាវ។ ហើយអត្រាអ្នករកការងារបានធ្វើវិញខុសពីនៅសាលក សិស្សខូសិនជាទូទៅគឺ១០០%រកការងារបានបន្ទាប់ពីរៀនចប់។

ថ្មីៗនេះតាំងពីឆ្នាំ២០១៦មក ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលជប៉ុននិងប្រទេសដៃគូ គេឃើញមានការបង្កើតប្រព័ន្វអប់រំនេះនៅបណ្តាប្រទេសអាស៊ីមួយចំនួនដូចជាម៉ុងហ្គោល ថៃ និងវៀតណាម។ នេះក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ “Made in Japan ផលិតផលរបស់ប្រទេសជប៉ុន ” ទៅកាន់ពិភពលោកផងដែរ។

សាលាដែលខ្ញុំរៀន

ទីតាំងនិងឯកទេសរបស់សាលា

នៅឆ្នាំ២០១៦ខែមេសា បន្ទាប់ពីបញ្ចប់់ការសិក្សាភាសាជប៉ុនរយៈពេល១ឆ្នាំហើយ ខ្ញុំបានផ្ទេរចូលរៀននៅសាលាមធ្យមសិក្សាបច្ចេកទេសមួយឈ្មោះ Kumamoto។ ជាទូទៅខូសិនមាននៅតាមខេត្តនិងក្រុងនៃប្រទេសជប៉ុន ខេត្តមួយមានខូសិនមួយ។ សាលាដែលខ្ញុំរៀនគឺជាសាលានៅក្នុងខេត្ត Kumamoto ហេតុនេះហើយទើបឈ្មោះសាលាទៅជាបែបនេះ។ ខេត្តនេះស្ថិតនៅទិសនិរតីនៃប្រទេសជប៉ុនមានចម្ងាយប្រហែល៨៧០គមពីរាជធានីតូក្យូ។ នេះជាតំបន់ធម្មតាមិនមានមានអ្វីជាពិសេសដូចក្រុងធំៗនោះ បើនៅស្រុកយើងអាចធៀបបានទៅជាខេត្តបាត់ដំបង។ ហើយបើសម្រាប់ជនជាតិជប៉ុននេះគេហៅស្រុកស្រែ។

ថ្វីត្បិតថាខូសិនជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសក៏ដោយ ក៏មិនមែនមានន័យថាគ្រប់ខូសិនមានជំនាញដូចគ្នានោះទេ។ នៅសាលានេះមានជំនាញ៣ធំៗគឺ

  • ស្ថាបត្យកម្ម និងសំណង់ស៊ីវិល
  • វិស្វកម្មមេកានិច
  • វិស្វកម្មជីវគីមី

អ្វីដែលខ្ញុំបានរៀន

កាលដែលខ្ញុំដាក់ពាក្យប្រលងយកអាហារូបរណ៍ MEXT ដើម្បីរៀននៅជប៉ុន ខ្ញុំបានជ្រើសរើសយកជំនាញ Structural Engineering in Architecture នៅក្នុងឯកសារប្រលង។ និយាយដោយស្មោះត្រង់ទៅពេលនោះខ្ញុំទើបតែរៀនតិចណូបានប្រហែលកន្លះឆ្នាំទេ ខ្ញុំមិនដឹងច្បាស់ថាជំនាញនេះជាអ្វីនោះទេ។ ខ្ញុំគ្រាន់តែដឹងថាខ្ញុំចង់រៀនសំណង់ទាក់ទងនឹងអគារ។ ខ្ញុំបានស្វែងរកជំនួយពីសិស្សច្បងដែលគាត់បានជាប់អាហារូបករណ៍ហើយកំពុងស្នាក់នៅប្រទេសជប៉ុនស្រាប់។ គាត់ព្យាយាមឆ្លើយច្រើនណាស់ ខ្ញុំមិនសូវយល់ទេតែក៏ព្យាយាមយល់ដែរ…។ នៅចុងបញ្ចប់ខ្ញុំក៏មានគំនិតមួយថាជម្រើសនេះពិតជាមិនខុសទេ។

ក្រោយមកខ្ញុំបានមកដល់ប្រទេសជប៉ុនហើយគេតម្រូវឲ្យខ្ញុំចូលរៀននៅខូសិន​ Kumamoto នេះ។ ជំនាញនៅសាលាដែលខ្ញុំត្រូវយកគឺ ស្ថាបត្យកម្ម និងសំណង់ស៊ីវិល។ ដូចដែលបានរៀបរាប់ខាងលើ ខូសិនមានរយៈពេល៥ឆ្នាំ តែសម្រាប់សិស្សបរទេសដូចជាខ្ញុំ យើងមិនចូលរៀនពីឆ្នាំទី១ទេ គឺយើងចូលពីឆ្នាំទី៣តែម្តង។ ហេតុនេះខ្ញុំត្រូវចំណាយពេល៣ឆ្នាំដើម្បីបញ្ចប់ការសិក្សានៅខូសិន។

ឆ្នាំទី៣ ដោយហេតុថាសាលានេះស្ថាបត្យកម្មនិងសំណាង់ស៊ីវិលស្ថិតនៅក្នុងដេប៉ាតឺម៉ង់តែមួយ នៅឆ្នាំមូលដ្ឋានខ្ញុំក៏ត្រូវរៀនមុខវិជ្ជាទាំង២នេះដែរ។ មុខវិជ្ជាមូលដ្ឋានរាប់បញ្ចូលទាំងគណិត រូប និងពត៌មានវិទ្យាផងដែរ។ ឆ្នាំទី៤មុខវិជ្ជាមូលដ្ឋានមានតិចតួច ហើយមុខវិជ្ជាស្ទើរតែទាំងស្រុងជាមុខវិជ្ជាជំនាញ​ ហើយសិស្សត្រូវជ្រើសរើសយកមួយគឺស្ថាបត្យកម្ម ឬ សំណង់ស៊ីវិល។ សម្រាប់ខ្ញុំ ខ្ញុំបានជ្រើសរើសយកសំណង់ស៊ីវិលដើម្បីសិក្សា។ នៅឆ្នាំចុងក្រោយយើងធ្វើការស្រាវជ្រាវ សរសេរសារណា ការពារសារណាដើម្បីបញ្ចប់។ ខាងក្រោមនេះជាមុខវិជ្ជាគោលៗមួយចំនួន

មុខវិជ្ជាទូទៅ (ចាំបាច់)
1) Basic Information Technology.
(Networking, Programing, etc.)
2) Mathematics
3) Physics
4) General Science
5) Geographical Information Processing
6) Data Processing (Python,​ Machine Learning)
7) Drawing (AutoCAD, Illustrator,​ SketchUp, …)
8) Basic Design
9) Surveying
10) Structural Law in Architecture
11) Construction Materials
12) Structural Mechanics
13) General Structure in​ Architecture
14) Soil Mechanics
15) Experiments in Construction Field
16) Reinforced Concrete
17) Urbanization
18) Steel Engineering

មុខវិជ្ជាស្ថាបត្យកម្ម
1) Architectural Environment
2) Architectural Planning
3) Architectural Design
4) Structural Design in Architecture
5) Architectural Law
6) Construction Law in Architect
7) Architectural Facilities
8) History of Architect

មុខវិជ្ជាសំណង់ស៊ីវិល

1) Planning
2) Hydraulics
3) Ground Engineering
4) Civil Engineering Design
5) Traffic Engineering
6) River and Coastal Engineering
7) Structural Design in Civil Engineering

ក្រៅពីការសិក្សាមុខវិជ្ជាទាំងនេះ នៅវិស្សមកាលខែក្តៅនៅក្នុងឆ្នាំទី៥សិស្សអាចចុះកម្មសិក្សារយៈពេល២សប្តាហ៍ នេះក៏ចាត់ចូលជាក្រេឌីតដើម្បីបញ្ចប់ការសិក្សាដែរ។

ក្រោយបញ្ចប់ការសិក្សា

សញ្ញាប័ត្រដែលសិស្សទទួលបានជាកម្រិតក្រោមបរិញ្ញាប័ត្រ(Associate Barchelor Degree)។  ក្រោយពេលបញ្ចាប់ការសិក្សាដោយជោគជ័យសិស្សអាចមានជម្រើសច្រើន។ ទី១គឺគេអាចបន្តការសិក្សា២ឆ្នាំទៀតនៅខូសិនដើម្បីទទួលបានបរិញ្ញាប័ត្រ។ ទី២គេអាចបន្តការសិក្សានៅសកលវិទ្យាល័យ២ឆ្នាំដើម្បីទទួលបានបរិញ្ញាប័ត្រ។ ទី៣គឺគេចេញធ្វើការតែម្តង។ ចំពោះជនជាតិជប៉ុន ជម្រើសទី៣ជាជម្រើសពេញនិយម ហើយក៏ជាគោលដៅដែលគេមករៀននៅខូសិនដែរ។ សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសបន្តការសិក្សានៅសាកលវិទ្យាល័យ។ រឿងនេះហាក់ដូចជាធម្មតាសម្រាប់សិស្សបរទេសបន្ទាប់ពីចប់ខូសិន។ មានមូលហេតុជាច្រើនដូចជាកត្តាភាសាជាដើម ប្រសិនបើកម្រិតភាសាជប៉ុននៅតិចតួចនោះធ្វើការភ្លាមៗមិនល្អទេ។ ម្យ៉ាងទៀតហេតុផលមួយដែលសិស្សបរទេសតែងគិតគឺថា បានជាមកជប៉ុនយ៉ាងហោចក៏ត្រូវបានបរិញ្ញាប័ត្រដែរសឹមទៅវិញ។ មានច្រើនទៀត…

នៅខែមីនាឆ្នាំ២០១៩បន្ទាប់ពីបានប្រើប្រាស់រយៈពេល៣ឆ្នាំក្នុងការសិក្សាខ្ញុំបានទទួលសញ្ញាប័ត្រពីខូសិនដែលជាទុនសម្រាប់ការបន្តដំណើររបស់ខ្ញុំតទៅទៀត។

សម្រាប់ដំណើររឿងទៅមុខទៀតសូមកុំភ្លេចតាមដាននៅអត្ថបទផ្សេងទៀត!