Search

អុីង បូរ៉ាន់ “អនាគតភ្លឺស្វាងព្រោះការសិក្សា”

មាតិកា

អ៊ីង បូរ៉ាន់ (បន្ទាយមានជ័យ) កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែក Smart Building នៅប្រទេសបារំាង

កាលនៅក្មេង : ចូលចិត្តលេងហឹង សី មើលរឿងតុក្កតា លេងចាក់ថ្នាំដើមចេក លេងធ្វើឆក់ខ្សែភ្លើង និងរត់លេងលើដើមឈើ។ ធ្លាប់ស្រមៃចង់ក្លាយជាគ្រូពេទ្យ ។ តែពេលធំដឹងក្ដីបន្តិចទើបដឹងថាខ្លួនស្រលាញ់ផ្នែកវិស្វកម្ម។

ប្រវត្តិសិក្សា : ដោយសារតែនៅភូមិរបស់ខ្ញុំមានត្រឹមសាលាបឋម សិស្សភាគច្រើនដែលរៀនចប់ថ្នាក់ទី៦គឺត្រូវបង្ខំចិត្តឈប់រៀនព្រោះគ្មានកម្រិតថ្នាក់ដែលត្រូវរៀនបន្ត។ រីឯមួយចំនួនទៀតបានទៅរកការងារធ្វើនៅប្រទេសថៃ។ ដោយសារការស្រលាញ់ការសិក្សា កាលអាយុ១១ឆ្នាំខ្ញុំបានចាកចេញពីស្រុកកំណើតដើម្បីបន្តការសិក្សានៅទីរួមស្រុក ដោយស្នាក់នៅផ្ទះម្តាយមីង។ មានបញ្ហាលំបាកជាច្រើនទម្រាំបានចប់វិទ្យាល័យតែដោយបានខិតខំប្រឹងប្រែង ខ្ញុំប្រលងជាប់បាក់ឌុបបាននិទ្ទេសល្អ(B)។ ហើយក្រោយមកទៀតក្ដីស្រមៃចង់ក្លាយជាវិស្វករអគ្គិសនីក៏បានជម្រុញនិងបណ្ដុះគំនិតលើរូបខ្ញុំអោយខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងដើម្បីបានសិក្សានៅសាកលវិទ្យាល័យ។ ខ្ញុំបានប្រលងជាប់អាហារូបករណ៍របស់អង្គការកុមារមេគង្គជាហេតុធ្វើឲ្យខ្ញុំអាចបន្តការសិក្សានៅភ្នំពេញបាន។ ហើយនៅភ្នំពេញខ្ញុំបានប្រលងជាប់អាហារូបករណ៍(រៀនមិនបង់ថ្លៃ)សាលាតិចណូ។ ក្រោយពីចំណាយរយៈពេល៥ឆ្នាំនៅតិចណូខ្ញុំបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកអគ្គិសនីបានជោគជ័យ។ ក្រោយមកទៀតខ្ញុំបានជាប់អាហារូបករណ៍ដើម្បីបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង។

មិនគួរបោះបង់ការសិក្សាទាំងនៅក្មេង : ដើម្បីកុំឲ្យលំបាកដូចឪពុកម្ដាយដែលគាត់ធ្វើស្រែចម្ការនៅក្រោមថ្ងៃក្ដៅគឺប្អូនត្រូវតែខំរៀនឲ្យមានចំនេះដឹងគ្រប់គ្រាន់ដើម្បីអនាគតល្អប្រសើរ។ ការសិក្សានឹងជួយលុបបំបាត់ភាពលំបាកតោកយ៉ាកគ្រប់យ៉ាង។ បើប្អូនលំបាកប្អូនឈប់រៀននៅថ្ងៃអនាគតប្អូនកាន់តែលំបាកលើសជាងនេះទៅទៀត។ ស្រលាញ់ខ្លួនឯងគ្រួសារនិងប្រទេសជាតិប្អូនៗមិនត្រូវឈប់រៀនជាដាច់ខាត!​

 ក្តីស្រមៃ :  ក្ដីស្រមៃជាកម្លាំងនិងជារបស់សំខាន់ម្យ៉ាងដែលជួយលើកទឹកចិត្តនិងជម្រុញអោយយើងមានការតស៊ូនិងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដើម្បីសម្រេចគោលដៅ។ ជាពិសេសវានឹងលើកទឹកចិត្តយើងនៅពេលយើងជួបការលំបាកនិងចង់បោះបង់។ ធម្មតារបស់អ្វីក៏ដោយបើយើងស្រលាញ់និងចង់បានយើងប្រាកដជាពុះពារគ្រប់ឧបសគ្គដើម្បីទៅដល់វាជាក់ជមិនខាន។ បងលើកទឹកចិត្តឲ្យប្អូនៗមានក្ដីស្រមៃមួយជាក់លាក់សម្រាប់ខ្លួនឯង។

ប្រយោជន៍នៃការអានធ្វើឲ្យចំណេះដឹងយើងទូលំទូលាយជាពិសេសវាធ្វើអោយយើងគិតបានរហ័សនិងជ្រៅជ្រះច្បាស់លាស់។ មួយវិញទៀតវាជួយឲ្យយើងក្លាយជាមនុស្សម្នាក់ដែលចេះគិតបានវែងឆ្ងាយនិងមានគំនិតច្រើនក្នុងការដោះស្រាយបញ្ហានានា។

ពាក្យផ្តាំផ្ញើ : ពេលខ្លះបងក៏ហត់ខ្លះដែរជាមួយការសិក្សាតែក្ដីស្រមៃ ភាពចង់ចេះចង់ដឹង គ្រួសារនិងប្រទេសជាតិជាកំលាំងចិត្តដ៏ខ្លាំងក្លាជម្រុញបងឲ្យមានការតស៊ូនិងខិតខំបន្ត។ បងបានរៀនច្រើនមិនត្រឹមតែជំនាញដែលបងស្រលាញ់ទេតែបងក៏បានរៀនច្រើនពីជីវិតដែរ។ មានន័យថាបងស្គាល់និងមានទំនាក់ទំនងជាមួយមនុស្សជាច្រើនមិនថាជាជនជាតិខ្មែរនិងជនជាតិផ្សេងៗទៀត(បារាំងថៃវៀតណាម។ល។)។ដូច្នេះរបស់ដែលបងបានជួបទាំងអស់វាគឺការសិក្សាយូរអង្វែង។ បើប្អូនចង់សម្រេចនូវអ្វីដែលប្អូនប្រាថ្នាចូរប្អូនកុំបោះបង់ការសិក្សាព្រោះការសិក្សានឹងនាំប្អូនទៅកាន់អនាគតកាលដ៏ភ្លឺស្វាងនិងរុងរឿង។ នៅពេលនោះហើយប្អូនមិនត្រឹមតែជួយខ្លួនប្អូនទេតែប្អូនអាចមានសមត្ថភាពនិងលទ្ធភាពជួយដល់អ្នកមានគុណ បងប្អូន និងប្រទេសជាតិផងដែរ។

ចែករំលែក

Picture of I Uoy

I Uoy

ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យGifuនៃប្រទេសជប៉ុន។ការសិក្សារបស់ខ្ញុំទាក់ទងនឹងFiber orientation in fiber-reinforced concrete និងការអនុវត្តUHPFRC។

អត្ថបទស្រដៀងគ្នា