Search

គោរពមនុស្សដែលគួរគោរព

ចែករំលែក

មាតិកា

ជនបទខេត្តហ្គីហ្វឹប្រទេសជប៉ុន(កក្កដា ២០២១)

នន្ទគឺជាប្អូនជីដូនមួយរបស់ព្រះពុទ្ធខាងមាតា។ តាំងពីក្មេងរហូតដល់ពេលព្រះពោធិសត្វសិទ្ធត្ថចេញបួស រាជបុត្រទាំងពីរអង្គរស់នៅក្នុងនគរជាមួយគ្នា តែងតែស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ ហើយនន្ទតែងគោរពរាប់អានព្រះពោធិសត្វសិទ្ធត្ថជារៀមច្បងជានិច្ច។

បន្ទាប់អំពីបានត្រាស់ដឹងនូវផ្លូវដើម្បីរួចចាកសេចក្តីទុក្ខហើយ ព្រះពុទ្ធបានយាងទៅជួបព្រះញាតិវង្សដើម្បីនឹងចែករំលែកនូវវិជ្ជាជីវិតដែលព្រះអង្គបានដឹងនោះ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនដល់ញាតិវង្សទាំងមូល។ គាប់ជួន ថ្ងៃមួយជាថ្ងៃមង្គលការរបស់ប្អូនជីដូនមួយរបស់ព្រះអង្គគឺនន្ទ ព្រះពុទ្ធ អមដោយព្រះសង្ឃជាច្រើនបានយាងទៅក្នុងពិធីតាមការនិមន្ត ដើម្បីទទួលចង្ហាន់នាពេលថ្ងៃ។ កិច្ចឆាន់ចង្ហាន់បានចប់សព្វគ្រប់ ព្រះពុទ្ធបាននិមន្តចេញទៅវត្តវិញ។ ដោយឥតមានបន្ទូលអ្វីសោះព្រះពុទ្ធបានទុកបាត្ររបស់ព្រះអង្គឲ្យប្អូនជីដូនមួយនន្ទជាអ្នកកាន់។ នន្ទស្រឡាំងកាំង មានការស្ទាក់ស្ទើរព្រោះក្នុងនាមជាកូនកំលោះមានរឿងត្រូវធ្វើច្រើន ណាមួយមង្គលការមិនទាន់ទាំងបានចប់សព្វគ្រប់ផង ប្រសិនបើកាន់បាត្រទៅតាមព្រះពុទ្ធពិធីមង្គលការនេះប្រកដជារអាក់រអូលមិនខាន។ ដោយមកអំពីការគោរពព្រះពុទ្ធជាព្រះរៀមតាំងតែពីក្មេងមក នន្ទមិនហ៊ានប្រកែកក៏ទទួលយកបាត្រហើយដើរតាមព្រះពុទ្ធត្រលប់ទៅវត្តវិញ។ នៅតាមផ្លូវនន្ទតែងតែគិតចង់ត្រលប់មកពិធីមង្គលការវិញ។ នន្ទបន្តដំណើរដោយចិត្តអន្ទះសាររហូតដល់វត្ត។ ពេលទៅដល់វត្ត នន្ទបានប្រគល់បាត្រដល់ព្រះពុទ្ធវិញ ហើយប្រញ៉ាប់ថ្វាយបង្គុំលា តែមិនទាន់ទាំងបានពោលឡើងផងព្រះពុទ្ធក៏សួរថា “នន្ទ តើអ្នកចង់បួសទេ?” ការពិតនន្ទឥតចង់ទេ ព្រោះគិតថាថ្ងៃនេះជាថ្ងៃមង្គលការរបស់ខ្លួនផង តើមានកូនកំលោះណានឹងបួសក្នុងថ្ងៃមង្គលការ ហើយទុកឲ្យកូនក្រមុំនៅម្នាក់ឯង?ទេ ទេ មិនអាចទេ មិនអាចទេ។ ប៉ុន្តែដោយមកអំពីទឹកចិត្តគោរពព្រះពុទ្ធដែលជាព្រះរៀមតាំងតែពីតូចមក នន្ទមិនអាចបដិសេធន៍បានក៏ឆ្លើយថាចង់បួស។ បន្ទាប់ពីបំពេញសេចក្តីព្យាយាមសិក្សារៀនសូត្រនិង ប្រតិបត្តិតាមការបង្រៀនរបស់ព្រះពុទ្ធអស់មួយរយៈមក អតីតរាជបុត្រនន្ទបានសម្រេចជាព្រះអរហន្តដែលធ្វើឲ្យលោកទទួលបានសេចក្តីសុខគ្រប់យ៉ាង លែងជួបប្រទេះទុក្ខលំបាកក្នុងចិត្តតទទៅទៀត ជាមនុស្សដែលមានសន្តិភាពបំផុតម្នាក់ក្នុងពិភពលោកនេះ។

ព្រះពុទ្ធបានសម្តែងថា ការគោរពមនុស្សដែលគួរគោរពគឺជាប្រភពនៃសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់យ៉ាង( បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ)។ នន្ទមិនចង់បួស ហើយក៏មិនចង់ដឹងអ្វីពីព្រះពុទ្ធដែរ តែដោយនិស្ស័យនៃការគោរពព្រះពុទ្ធដែលជារៀមច្បងតាំងពីក្មេងមក នន្ទដើរតាមព្រះពុទ្ធទាំងរារែកចិត្ត។ តែរឿងនេះមិនសំខាន់ទេ រឿងសំខាន់គឺរឿងក្រោយពីនេះ គឺការប្រតិបត្តិរបស់លោកបន្តិចម្តងៗធ្វើឲ្យលោកទទួលបានលទ្ធផលល្អជាទីគាប់ចិត្តនៅទីបំផុត។

មនុស្សដែលអ្នកគោរពរាប់អានឲ្យតម្លៃ នឹងកា្លយជាជំនួយដ៏ធំក្នុងដំណើរជីវិតរបស់អ្នក។ បើមនុស្សដែលអ្នកគោរពជាមនុស្សល្អ នោះអ្នកអាចនឹងក្លាយជាមនុស្សល្អដូចគេដែរ ហើយផ្ទុយទៅវិញបើអ្នកគោរពរាប់អានតែមនុស្សអាក្រក់ ប្រាកដណាស់អ្នកនឹងឃ្លាតយ៉ាងឆ្ងាយពីពន្លឺជីវិត។

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។