Search

ការព្យាយាមមានន័យថាចាប់ផ្តើមឡើងវិញ Begin Again

ចែករំលែក

មាតិកា

នេះជាផ្នែកទីចុងក្រោយនៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time

**************************************

លោកគ្រូ S.N Goenka(ស.ន ហ្គោឥនកា)បានទទួលអនិ្ចចកម្មនៅឆ្នាំ២០១៣។ គាត់បានផ្តល់ជូនយើងនូវរបស់ជាច្រើន។ មានរបស់មួយដែលគាត់តែងតែផ្តល់នៅពេលយើងរៀនសមាធិជាមួយគាត់។ ពេលខ្លះយើងចង់នៅម្នាក់ឯង គាត់ដើរមកជិតហើយប្រាប់យើងថា ចូរចាប់ផ្តើមម្តងទៀត! ក្រោយមកយើងគិតថា ខ្ញុំមិនចង់ចាប់ផ្តើមឡើងវិញទេ ខ្ញុំចង់ចាកចេញ គាត់មកទៀតហើយនិយាយថា ចូរចាប់ផ្តើមម្តងទៀត! ចូរចាប់ផ្តើមម្តងទៀត! ឥលូវគាត់ទៅមុនយើងហើយ។ យើងត្រូវតែបន្តរស់ដោយចាប់ផ្តើមម្តងទៀត ជារៀងរហូត។

មានពេលខ្លះសូម្បីតែអ្នកប្រាជ្ញ អ្នកចេះដឹងច្រើនក៏ទាល់គំនិតដែរ។ ចម្ងល់គឺជាផ្នែកមួយនៃជីវិត។ ពេលខ្លះគេថាគេគ្មានចម្ងល់ទេ។ នេះគ្រាន់តែជាភាពរឹងត្អឹងរបស់គេតែប៉ុណ្ណោះ។ អ្នកពូកែគិតមើលឃើញពិភពលោកដូចជាសមរភូមិប្រយុទ្ធ។ ក្នុងចំណោមបារមីទាំងអស់ បារមីដែលសំខាន់ជាងគេគឺ វីរិយបារមី ដែលមានន័យថាបារមីឬសេចក្តីល្អនៃការព្យាយាម។ ការព្យាយាមគឺ ការចាប់ផ្តើមឡើងវិញ។ ដូចនេះការបង្រៀនរបស់ព្រះពុទ្ធនឹងប្រែទៅជាគ្មានន័យ គ្មានប្រយោជន៍ទេប្រសិនបើខ្វះពាក្យនេះ។ រហូតដល់ថ្ងៃស្លាប់យើងនឹងត្រូវរស់នៅដោយចាប់ផ្តើមឡើងវិញជានិច្ច។ អ្នកដែលដើរចេញពីផ្លូវធម៌ក៏គឺជាអ្នកដែលភ្លេចពាក្យនេះដែរ។ ចូរចាប់ផ្តើមម្តងទៀត

មានពាក្យមួយក្នុងចិត្តវិទ្យាគឺ internalization ដែលមានន័យថាការធ្វើឱ្យធ្នឹកនៅខាងក្នុង។ ពេលក្មេងរៀននិយាយ ដំបូងគេធ្វើត្រាប់តាម។ ក្រោយពេលតម្រាប់នេះច្រើនឡើងៗវាក្លាយជាអ្វីមួយនៅជាប់ជាមួយគេជានិច្ច។ វេយ្យាករណ៍ វាក្យសព្ទ ត្រូវបានស្តុកទុកខាងក្នុង។ ខ្ញុំអាចនិយាយភាសាអង់គ្លេសដោយមិនចាំបាច់គិតព្រោះវាត្រូវបានស្តុកទុកខាងក្នុងខ្លួនខ្ញុំ។ អ្នកដែលធ្លាប់រៀនភាសាបរទេសប្រាកដជាយល់ន័យនេះ។ ដំបូងវាពិបាក វារអាក់រអូលតែបើអ្នកបន្តប្រើប្រាស់វាតទៅទៀតដំណាក់កាលមួយនឹងមកដល់គឺពេលអ្នកអាចប្រើវាបាន។

យើងចង់ធ្វើសមាធិរហូតដល់វានៅក្នុងខ្លួនរបស់យើង។ គោលដៅគឺធ្វើសមាធិ ចាប់ផ្តើមម្តងទៀត ចាប់ផ្តើមម្តងទៀតរហូតដល់សមាធិស្ថិតនៅក្នុងខួរក្បាល ពេលយើងចូលសម្រាកពេលយប់ យើងសមាធិ ក្រោកពីព្រលឹមសមាធិ ព្រោះវាបានស្តុកទុកក្នុង ប្រព័ន្ធប្រសាទរបស់អ្នករួចទៅហើយ។

សមាធិគឺជាទង្វើនៃសទ្ធាចំពោះគុណតម្លៃនៃជីវិត។ រាល់ថ្ងៃ គឺជាការពុះពារដើម្បីរស់នៅក្នុងធម៌។ ហើយវាមិនងាយស្រួលនោះទេ។ ពិភពលោកមិនសូវគាំទ្រយើងទេ។ វានាំឧបសគ្គនិងភាពលំបាកជាច្រើន។ យើងត្រូវគិតថានេះគឺជាពេលរបស់យើង យើងបានកើតមកហើយ នេះគឺជាកាតព្វកិច្ចរបស់យើង។ ធម៌ក្នុងខ្លួនរបស់យើងត្រូវតែល្អគ្រប់គ្រាន់ដើម្បីជំនះបញ្ហាទាំងអស់។

ពិតណាស់មានភាពងងឹតនៅជុំវិញយើង ហេតុនេះហើយទើបយើងត្រូវស្វែងរកពន្លឺ។ វាជាការពិតដែលយើងមានការយល់ច្រលំពេលខ្លះ ហេតុនេះហើយទើបយើងចាំបាច់ត្រូវដើរលើផ្លូវដែលមានទិសដៅច្បាស់លាស់។ វាជាការពិតដែលគ្រប់គ្នាមានអារម្មណ៍ឯកាហេតុនេះយើងត្រូវការផ្លូវដែលមានមិត្តភាព។ ភាពអវិជ្ជមាននៃចិត្តតែងតែកើតឡើង ហេតុនេះយើងពិតជាត្រូវការផ្លូវសម្រាប់លះបង់វា។ សមាធិដែលជាការបង្រៀនរបស់ព្រះពុទ្ធគឺជាឧបករណ៍ដែលអាចនាំយើងចូលក្នុង ភាពភ្លឺស្វាង មាគ៌ាសម្រាប់ដើរ និងមិត្តភាព។

 

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។