
កាលពី១០ឆ្នាំមុន ខ្ញុំបានមករៀនជាលើកដំបូងនៅទីក្រុងភ្នំពេញ។ ខ្ញុំគ្មានលុយកាក់ច្រើនសម្រាប់ទិញសម្ភារៈសិក្សាទេ។ គ្រប់យ៉ាងដែលខ្ញុំមានគឺជាជំនួយរបស់អង្គការកុមារមេគង្គ។ នេះមានន័យថាអ្វីដែលខ្ញុំមានគឺមិនលើសពីអ្វីដែលខ្ញុំចាំបាច់សម្រាប់ការសិក្សាទេ។ បើសិស្សត្រូវការរបស់របរ១០ដើម្បីសិក្សា ខ្ញុំនឹងបាន១០ដែរ ខ្ញុំមិនអាចបានរបស់ទី១១នោះទេ។ ជាកុសល ខ្ញុំបានរស់នៅនិងសិក្សាក្នុងជីវភាពបែបនេះដោយរីករាយ។
ទោះបីជាយ៉ាងណាក៏ដោយចិត្តមនុស្សជាចិត្តមនុស្ស! គេតែតែរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងពិបាក។ ថ្ងៃមួយខ្ញុំមានឱកាសនៅជិតនារីម្នាក់ដែលជាមិត្តភក្តិរបស់ខ្ញុំ។ ដោយយើងមានទំនាក់ទំនងល្អនឹងគ្នា នាងបានប្រាប់ខ្ញុំថាពូរបស់នាងនឹងទិញកាដូឲ្យ វាជាកុំព្យូទ័រតម្លៃ៥០០ដុល្លា! ខ្ញុំសប្បាយចិត្តចំពោះនាងណាស់ដែលមានសំណាងបែបនេះ! ប៉ុន្តែស្របពេលជាមួយគ្នានេះខួរក្បាលខ្ញុំចាប់ផ្តើមគណនាដែរថា ៥០០ដុល្លានេះវាស្មើនឹងថ្លៃសាលារបស់ខ្ញុំ១ឆ្នាំ! ខ្ញុំត្រូវរៀន៥ឆ្នាំទើបចប់! ហើយពីឥលូវទៅដល់ពេលរៀនចប់ខ្ញុំគ្មានប្រាក់ខែសូម្បីតែ១ដុល្លាផង តើត្រូវធ្វើម៉េចទើបបានលុយ៥០០ដុល្លា?….គិតៗៗ ខ្ញុំចេះតែគិតហើយក៏មានគំនិតអន់ចិត្តនឹងខ្លួនឯងថាខ្លួនគ្មានសំណាងដូចគេ! លើសពីនេះទៀតគំនិតក៏ហួសដល់ទៅថាខ្លួនពិតជាគ្មានសមត្ថភាពសូម្បីតែគិតពីមិត្តភក្តិម្នាក់នេះទេព្រោះគេខ្ពស់ណាស់! ឱនេះជាការដាក់ទោសខ្លួនឯង!
ក្រោយមកពីមួយថ្ងៃទៅមួយថ្ងៃ មួយឆ្នាំទៅមួយឆ្នាំខ្ញុំចេះតែបន្តព្យាយាមតាមលទ្ធភាពដោយឥតមានរាថយចំពោះឧបសគ្គនានា។ ១០ឆ្នាំក្រោយខ្ញុំបានសិក្សានិងធ្វើការងារនៅប្រទេសជប៉ុន។ ពេលមួយនោះខ្ញុំនឹកឃើញរឿងនេះឡើងខ្ញុំក៏ដឹងច្បាស់ថា តាមពិតកុំព្យូទ័រថ្លៃដែលខ្ញុំគ្មានលទ្ធភាពទិញកាលនោះវាថោកជាងទូរសព្ទដៃដែលខ្ញុំកំពុងប្រើទេតើ!
មិនថាអ្នកមានអារម្មណ៍ថាខ្លួនឯងអសមត្ថភាពប៉ុណ្ណានោះទេ បើអ្នកបន្តការព្យាយាមជាប់ជានិច្ចលទ្ធផលវិជ្ជមានគង់នឹងមាន។







