ខ្មែរបូរាណធ្លាប់ប្រើពាក្យ [យាម] ជាខ្នាតមួយសម្រាប់រាប់ម៉ោង។ យ៉ាងណាក៏ដោយ បើមើលពីប្រវត្តិអរិយធម៌បូរាណ ប្រទេសឥណ្ឌាជាប្រទេសដែលមានឥទ្ធិពលខ្លាំងចំពោះប្រទេសយើងពិសេសផ្នែកសាសនា។ នៅក្នុងគម្ពីរពុទ្ធសាសនា រឿងរ៉ាវនៅសម័យព្រះពុទ្ធដែលកើតឡើងនាពេលយប់ ច្រើនត្រូវបានបែងចែកជា យាម ។ ឧទាហរណ៍ ក្នុងរាត្រីដែលព្រះសិទ្ធត្ថបានក្លាយជាព្រះពុទ្ធ ការរីកចម្រើនផ្នែកផ្លូវចិត្តក្លាយជាព្រះពុទ្ធនេះមិនមែនកើតឡើងតែក្នុងមួយប៉ប្រិចភ្នែកនោះទេ។
មានពាក្យថា ក្នុងបឋមយាម(យាមដំបូង)នៃរាត្រី ចិត្តរបស់ព្រះសិទ្ធត្ថមានញាណ(ការដឹង)មួយហៅថា បុព្វេនិវាសានុស្សតិញ្ញាណ គឺជាសមត្ថភាពនៃការរឭកដឹងជាតិកំណើតរបស់ខ្លួនពីអតីតកាល
មជ្ឍិមយាម(យាមកណ្តាល) ក្នុងចិត្តកើតមាន ចុតូបបាតញ្ញាណដែលជាសមត្ថភាពដឹងនូវកាកើតនិងការរលត់ទៅនៃជីវិតរបស់សត្វលោក(ជីវិតទាំងអស់ក្នុងចក្បវាឡ)
បច្ចឹមយាម(យាមចុងក្រោយ) សមត្ថភាពទី៣គឺអាសវក្ខយញ្ញាណដែលជាការដឹងអំពីច្បាប់ធម្មជាតិ ច្បាប់កម្មផលដែលជាបុព្វហេតុនៃកំណើតអ្វីៗគ្រប់យ៉ាង
នៅក្នុងវចនានុក្រមខ្មែរដែលត្រូវបានពិនិត្យនិងកែសម្រួលដោយក្រុមជំនុំភាសាជាតិអត្ថន័យនៃពាក្យ [យាម]មានដូចខាងក្រោម
យាម អានថា [យាម] ន. វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង, ក្នុងថ្ងៃមួយយប់មួយមាន ៨យាមឬ៦យាម ត្រូវជា ២៤ម៉ោង ហៅរួមថាមួយថ្ងៃ។ ក្នុងសម័យបុរាណ ច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាមទី១ហៅបឋមយាម ឬ ប្រថមយាម, ទី២ហៅមជ្ឈិមយាម ឬ មធ្យមយាម, ទី៣ហៅមច្ឆិមយាម ឬ បស្ចិមយាម(ក្នុងយាមមួយៗ បើគិតជាម៉ោងមាន៤ម៉ោង)។
ការបកស្រាយថា យាម ច្រើនប្រើពេលយប់ ហើយមួយយប់មាន៣យាមបែបនេះដូចគ្នានឹងអត្ថបទផ្នែកពុទ្ធសាសនាដូចដែលបានរៀបរាប់ខាងលើដែរ។ ក្នុងករណីនេះ បើគិតជាម៉ោងរ៉ូម៉ាំងដែលមួយថ្ងៃមាន២៤ម៉ោង នោះ១យាមត្រូវស្មើនឹង៤ម៉ោងព្រោះ មួយយប់(គិតចាប់ពីពេលព្រះអាទិត្យលិចរហូតដល់ពេលព្រះអាទិត្យលិច)ត្រូវស្មើនឹង១២ម៉ោង(១២ចែកនឹង៤ស្មើ៣)។
ដោយឡែកហេតុអ្វីក្នុងនិយមន័យតាមវចនានុក្រមបែរជានិយាយថា ពេលខ្លះ១យាមស្មើ៣ម៉ោងទៅវិញ ហេតុអ្វីក៏មិនដាក់៤ម៉ោងថេររហូតទៅ។ ហេតុសំអាង១គឺថា ពាក្យថាយាមនេះមិនមែនប្រើតែនៅក្នុងអត្ថបទពុទ្ធសាសនា(ព្រះត្រៃបិដក)ជាដើមនោះទេ។ នៅក្នុងវប្បធម៌ជាច្រើនរបស់ឥណ្ឌាដូចជាក្នុងសាសនាព្រហ្មណ៍ជាដើមក៏មានការបែងចែកម៉ោងជាយាមដែរ។ ម្យ៉ាងទៀតនៅក្នុងក្បួនហោរាសាស្ត្រក៏មាននិយាយទាក់ទងនឹងការបែងចែកជាយាមដែរ។ ពត៌មានទាក់ទងនឹងយាមនេះខុសគ្នាខ្លះដូចគ្នាខ្លះអាស្រ័យលើប្រភេទឯកសារដែលយើងពិនិត្យ។ បើឲ្យនិយាយដាច់ខាតថា យាមគឺជាចំណែកពេលវេលាពេលរាត្រីហើយ១យាមស្មើ៤ម៉ោងគឺមិនអាចទៅរួចទេ។ យើងគ្រាន់តែដឹងថា ក្នុងករណីខ្មែរបូរាណក៏ដូចជាអត្ថបទពុទ្ធសាសនាដែរ យាម ច្រើនប្រើសំដៅដល់ការបែងចែកពេលវេលាពេលយប់ ហើយបើគិតជាម៉ោងរ៉ូម៉ាំងនោះអាចនិយាយបានថា១យាមស្មើ៤ម៉ោង។ ក្នុងអត្ថបទនៃប្រពៃណីផ្សេង យាម អាចជារង្វាស់ពេលវេលាទូទៅ(ទាំងថ្ងៃទាំងយប់)ដែល១យាមស្មើនឹង៣ម៉ោងក៏មាន។
ឯកសារយោង
- ក្រុមព្រឹក្សាភាសាជាតិ : វចនានុក្រមខ្មែរ ២០២២
- Britannica : Home, Philosophy & Religion, Humanities, Months and important days, 2024, Accessed : May 18th 2024, https://www.britannica.com/science/calendar/Months-and-important-days
- ៥០០០ឆ្នាំ : អានអត្ថបទ, ពុទ្ធគយា(កន្លែងព្រះពុទ្ធបានត្រាស់ដឹង), 2020, Accessed : May 18th 2024, https://5000-years.org/kh/read/44
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។