នេះជាផ្នែកទី៥នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Time
**************************************
បច្ចុប្បន្នជាសម័យកាលដែលពោរពេញទៅដោយបញ្ហា តែវាមិនមែនជាពេលដ៏លំបាកនោះទេ។ នេះគឺជាពេលវេលាដ៏ងាយស្រួលបំផុត។ តើអ្វីខ្លះជាឧទាហរណ៍នៃពេលដែលលំបាក? ខ្ញុំកើតនៅឆ្នាំ១៩៤៥គឺពីរបីថ្ងៃប៉ុណ្ណោះមុនសហររដ្ឋអាមេរិចទម្លាក់គ្រាប់បែកបរិមាណូលើក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្កាសាគី។ ១០ឆ្នាំមុននោះ គឺ១០ឆ្នាំមុនកំណើតខ្ញុំ ចន្លោះឆ្នាំ១៩៣៥ដល់១៩៤៥ មានមនុស្សប្រហែលជា៥ទៅ៨កោដិត្រូវបានគេសម្លាប់។ ដូចគ្នាដែរពេលដែលជប៉ុនលុកលុយចិន មនុស្សជាច្រើនបានបាត់បង់ជីវិត។ ការឡោមព័ទ្ធទីក្រុងនៅសូវៀត ធ្វើឱ្យមានការអត់ឃ្លាននិងស្លាប់ជាច្រើន។
ពេលបែបនេះគឺជាពេលដែលពិបាក។ ហេតុនេះពេលដែលជួបបញ្ហាផ្ទាល់ខ្លួន សូមកុំគិតថាយើងជាករណីពិសេសអី។ ជីវិតតែងមានបញ្ហា។ បញ្ហាមានជាប់ជានិច្ច។ គ្រប់គ្នាដែលបានកើតក្រោយសង្គ្រាមលោកគួរចាត់ទុកខ្លួនឯងថាមានសំណាង។ ខ្ញុំរាប់បញ្ចូលខ្លួនឯងជាមនុស្សមានសំណាងម្នាក់ដែរ។
សង្គ្រាមមិនមែនជាប្រភពតែមួយនៃវិនាសកម្មដ៏ធំនោះទេ។ ប្រវត្តិវិទូនៅ Harvard បញ្ជាក់ថាជម្ងឺអុតធំម្យ៉ាងហៅថា smallpox លែងមានទៀតហើយក្នុងស.វទី២០ហើយ ។ ប៉ុន្តែក្នុងចន្លោះឆ្នាំ១៩០០ដល់ឆ្នាំ១៩៧០ មនុស្សប្រហែល៣០កោដិបានស្លាប់ដោយសារជម្ងឺនេះ។ ខ្ញុំជឿជាក់ថាពួកគាត់គ្មានឱកាសបានធ្វើសមាធិនោះទេ។
ចូរចាំថាយើងនឹងអាចជួយខ្លួនឯងបាន បើយើងផ្លាស់ប្តូរការគិតពីផ្នែកតូចមួយនៃជីវិតម្នាក់ៗទៅគិតពីផ្នែកដ៏ធំទូលាយនៃជីវិតរបស់មនុស្សលោកទាំងមូល។
ម្យ៉ាងទៀត យើងកំពុងរស់នៅក្នុងសម័យសកលភាវូបនីយកម្មទោះបីយើងចង់ឬមិនចង់ក៏ដោយ។ ការចែករំលែកក្នុងពិភពលោក ក្រៅពីផលិតផលប្រើប្រាស់ យើងមានការចែករំលែកមួយទៀតគឺ សមាធិ។
កាលដែលខ្ញុំចាប់កំណើត គ្មានការប្រតិបត្តិសមាធិទេនៅបស្ចឹមប្រទេស។ ពេលនេះកាលណាអ្នកដើរចូលក្នុងហាងទំនិញ ពិសេសហាងអាហារសុខភាព អ្នកនឹងឃើញទស្សនាវដ្តីជាច្រើនព្យាយាមប្រាប់អ្នកពីរបៀបធ្វើសមាធិ ការចម្រើនសតិ និងការអនុវត្តយោគៈ(yoga)ជាដើម។ ហេតុនេះយើងគួរតែគិតថាមានសំណាងដែលក្នុងជីវិតរបស់យើង ក្នុងសង្គមមានការយល់ដឹងពីគំនិតដែលទាក់ទងនឹងសន្តិភាពផ្លូវចិត្ត ឬការរស់នៅក្នុងសន្តិភាព ។ ពីមុនពុំមានរឿងបែបនេះទេ។
ទោះបីជាអ្នកគិតថានេះជាពេលដ៏ល្អបំផុតដោយសារយើងមានអាយុវែង សុខភាពល្អ ឱកាសសម្រាប់ធ្វើសមាធិ ឬក៏អ្នកគិតផ្ទុយពីនេះថាវាជាពេលដ៏លំបាកដោយសារ អ្នកមានអារម្មណ៍ទទួលរងគំនាបក៏ដោយ ត្រូវចាំថានេះគឺជាពេលតែមួយគត់របស់អ្នក អ្នកបានកើតរួចមកហើយ។ នេះគឺជាពេលសម្រាប់យើងធ្វើសមាធិ។ បើអ្នកគិតថាអ្នកមិនអាចធ្វើសមាធិបានដោយសារតែមានបញ្ហាខាងក្រៅច្រើនពេក នេះគឺជាការយល់ខុស។ ផ្ទុយមកវិញ សមាធិគឺជាការប្រាប់ខ្លួនឯងថានេះគឺជា challenge ដែលខ្ញុំត្រូវធ្វើសមាធិជាមួយ។ សមាធិរបស់ខ្ញុំត្រូវតែល្អគ្រប់គ្រាន់សម្រាប់តទល់នឹងបញ្ហាទាំងអស់ក្នុងជីវិត។
សម្រាប់ផ្នែកទី៦នៃអត្ថបទសូមចុចនៅទីនេះ
សម្រាប់ការពន្យល់អំពីអត្ថបទទាំងស្រុងសូមចុចនៅទីនេះ
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។