សមាធិក្នុងពេលពិបាក Meditation In Trouble Times

ចែករំលែក

មាតិកា

អារម្ភកថា

សម័យទំនើប សម័យជឿនលឿនឥតឈប់ឈរគឺជាសម័យកាលដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក។ ប៉ុន្តែយើងក៏សង្កេតឃើញថាបច្ចុប្បន្នក៏គឺជាសម័យដែលមានបញ្ហាមិនចេះចប់ ជាពិសេសគឺបញ្ហាផ្លូវចិត្តដែលបានក្លាយជាប្រធានបទក្តៅមិនថា ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសអភិវឌ្ឍឡើយ។ បញ្ហាគឺជាមរតកនៃជីវិត។ គ្មាននរណាម្នាក់រស់នៅដោយភាពស្រណុកសុខស្រួលរហូតនោះទេ។ ខ្ញុំបានជួបអត្ថបទ(ជាភាសាអង់គ្លេស)ដែលខ្ញុំនឹងប្រែជូនអ្នកទាំងអស់គ្នានេះ កាលខ្ញុំមានអាយុ២១ឬ២២ឆ្នាំកំពុងសិក្សានៅសាលាមធ្យមសិក្សាបច្ចេកទេស(College of Technology)មួយនៅប្រទេសជប៉ុន។ ខ្ញុំជឿថាអ្នកសិក្សាទាំងអស់ធ្លាប់ឆ្លងកាត់ដូចខ្ញុំដែរទាក់ទងនឹងបញ្ហាជាច្រើនដែលយើងជួបប្រទះ។ ដូចជាភាពលំបាកនៃមេរៀន ភាពឯកានៃការរស់នៅបរទេសឆ្ងាយពីស្រុកកំណើត និងបញ្ហាទំនាក់ទំនងជាដើម។ ខ្ញុំមិនហ៊ានថាបញ្ហាដែលខ្ញុំជួបជាបញ្ហាដែលពិបាកជាងគេនោះទេ តែខ្ញុំហ៊ាននិយាយថាវាជាឧបសគ្គដែលរារាំងភាពរីកចម្រើនរបស់ខ្ញុំ(personal growth)។ ក្នុងដំណាក់កាលជីវិតបែបនេះ ខ្ញុំមានសំណាងបានជួបអត្ថបទល្អមួយនេះដោយចៃដន្យ។ ដោយហេតុថាខ្ញុំបានឆ្លងកាត់ការអប់រំតាមបែបវិទ្យាស្រ្តជាយូរមកហើយ ការពន្យល់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធផ្សារភ្ជាប់នឹងទ្រឹស្តីវិទ្យាសាស្ត្របានទាក់ទាញនិងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ រីករាយជាខ្លាំងក្នុងការអានអត្ថបទនេះ។ វាបានជួយឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូក្នុងជីវិត មានការគិតត្រឹមត្រូវ គ្មានគំនិតអវិជ្ជមានពេលជួបប្រទះបញ្ហាក្នុងជីវត។ ភាពរីករាយក្នុងចិត្តជម្រុញឲ្យខ្ញុំចង់ចែករំលែកអត្ថបទនេះទៅមនុស្សគ្រប់គ្នាដោយខ្ញុំមានកូនចិត្តតូចមួយគិតថា គេនឹងបានប្រយោជន៍ដូចខ្ញុំដែរ។ ជាច្រើនឆ្នាំក្រោយមកខ្ញុំក៏មានឱកាសបកប្រែអត្ថបទនេះមែន។ ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងក្លាយជាជំនួយស្មារតី ជំនួយផ្លូវចិត្តដល់អ្នកអាន អាចឲ្យគេមានគំនិតវិជ្ជមាននៅពេលប្រឈមមុខចំពោះបញ្ហានានាក្នុងជីវិតដែលជាដំណើរវែងឆ្ងាយ។ សូមឲ្យគ្រប់គ្នាមានការរីកចម្រើនជានិច្ចទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ សូមឲ្យគ្រប់គ្នាបានប្រកបទៅដោយសេចក្តីសុខ សុវត្ថិភាព និងសន្តិភាព!

កំណត់ចំណាំអំពីការបកប្រែ

សំដៅដើមគឺជាពាក្យពេចន៍ដែលចេញពីខ្សែអាត់សម្លេងសុន្ទរកថារបស់លោក Paul R. Fleichman។ លោកប្រើប្រាស់ភាសានិយាយក្នុងការថ្លែងសុន្ទរកថា ហើយអ្នកដែលបានចូលរួមស្តាប់គឺសុទ្ធតែជាអ្នកធ្លាប់ប្រតិបត្តិវិបស្សនាក្រោមការបង្រៀនរបស់លោក S.N Goenka។ ហេតុនេះពាក្យពេចន៍មួយចំនួនជាពាក្យដែលប្រើប្រាស់ក្នុងសមាគមអ្នកចម្រើនវិបស្សនាដែលជាភាសាពិបាកយល់សម្រាប់មនុស្សទូទៅ។ នៅក្នុងការបកប្រែនេះខ្ញុំបានសម្រួលទាំងពាក្យពេចន៍និងឃ្លាប្រយោគ ធ្វើយ៉ាងណាដើម្បីឲ្យងាយស្តាប់ងាយដល់ជនជាតិខ្មែរ។ ការកែសម្រួលនេះធ្វើឲ្យទម្រង់សំណេរខុសពីភាពដើមត្រង់ចំណុចខ្លះតែគោលបំណង ខ្លឹមសារវិញនៅរក្សាដដែល។ ខុសគ្នាត្រង់របៀបនៃការពន្យល់។

ការពន្យល់អំពីអត្ថបទដើម

នេះជាអត្ថបទបកប្រែពីសុន្ទរកថារបស់បណ្ឌិត Paul R. Fleischman ក្នុងទីក្រុង Köln នៃប្រទេសអាល្លឺមង់កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ ២០១៧។ សុន្ទរកថាមានចំណងជើងថា

“Vipassana Meditation as a Path Through a World of Uncertainty” ដែលមានន័យជាភាសាខ្មែរថា

“ វិបស្សនាជាមាគ៌ាសម្រាប់ដើរឆ្លងកាត់ពិភពលោកដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ ”

បណ្ឌិត Paul R. Fleischman ធ្លាប់ជាវេជ្ជបណ្ឌិតចិត្តសាស្ត្រ (psychiatry) ដែលទទួលបានការបណ្តុះបណ្តាលពីសាលាវិជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិច។ លោកធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រសម្រាប់មន្ទីរពេទ្យជាច្រើន។ ក្រៅពីនេះ លោកគឺជាគ្រូបង្រៀននៅសាកលវិទ្យាល័យ និងជាអ្នកថ្លែងសុន្ទរកថាសម្រាប់សន្និសិទជាច្រើនផងដែរ។ បច្ចុប្បន្នលោកបានសម្រាកពីការងារអាជីពហើយ។

លោក Paul R. Fleichman ជាអ្នកប្រតិបត្តិវិបស្សនាក្រោមការដឹកនាំរបស់លោក S.N Goenka ជាង៤០ឆ្នាំមកហើយ។ បច្ចុប្បន្នលោកជាគ្រូវិបស្សនា ហើយមុខងារសំខាន់របស់លោកគឺជួយផ្សព្វផ្សាយ បកស្រាយ ពន្យល់វិបស្សនាទៅកាន់ប្រិយមិត្តនៅលោកខាងលិចដែលជាស្រុកកំណើតរបស់លោកផ្ទាល់។ ភាសានិយាយរបស់លោកងាយយល់ ងាយស្តាប់ សមស្របសម្រាប់ប្រជាជនដែលបានទទួលការអប់រំតាមបែបវិទ្យាសាស្ត្រទំនើប។

ខ្ញុំបានបែងចែកខ្លឹមសារនៃសុន្ទរកថាជាផ្នែកតូចៗដើម្បីងាយស្រួលក្នុងការអាន។ លោកអ្នកអាចចុចលើមាតិកានីមួយៗដើម្បីអាន។

ខ្លឹមសារនៃអត្ថបទ

វិទ្យាសាស្ត្រ និងការបង្រៀនរបស់ព្រះពុទ្ធ

សន្តិភាពផ្លូវចិត្តនិងជីវវិទ្យា

ហេតុអ្វីអ្នកគួរធ្វើសមាធិ?

ពត៌មានមិនចាំបាច់

ពេលពិបាកមិនមែនជាពេលដែលគ្មានឱកាសនោះទេ

សមាធិផ្លាស់ប្តូររបៀបរស់នៅ

សម្តីត្រូវ

កុំក្លាយជាមនុស្សអត្មានិយមព្រោះសមាធិ

អ្នកមានពិតប្រាកដ

មិត្តភាពកើតចេញពីភាពឯកា

ការព្យាយាមមានន័យថាចាប់ផ្តើមឡើងវិញ

 

[email protected] |  + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។