白川郷 (shirakawago) តំបន់ផ្ទះបុរាណក្នុងខេត្តហ្គីហ្វឹប្រទេសជប៉ុនជាបេតិកភណ្ឌពិភពលោក(កុម្ភៈ២០២០)
ភពផែនដីជាទីដែលមនុស្សអាស្រ័យនៅហៅថាឋានកណ្តាលព្រោះមានសេក្តីទុក្ខនិងសុខនៅលាយលំគ្នា។ គ្មានមនុស្សណាសុខរហូត ហើយក៏គ្មានមនុស្សណាមានទុក្ខរហូតនោះដែរ។ អបាយភូមិបួន(នរក ប្រេត តរិច្ឆាន អសុរកាយ) គេហៅថាឋានក្រោម ព្រោះសត្វទាំងនោះមានសេចក្តីសុខតិចតួច(សត្វតិរច្ឆាន) ឬទុក្ខសុទ្ធសាធ(នរក ប្រេត អសុរកាយ)។ ឋានទេវតា ឬព្រហ្មគេហៅឋានលើព្រោះកំណើតប្រភេទនេះនៅទីនោះមានតែសុខតែម្យ៉ាង ហើយមានទុក្ខតែពេលអស់ជីវិតប៉ុណ្ណោះ។
បណ្តាឋានទាំង៣១ជាន់ក្នុងសកលលោកនេះ មានតែមនុស្ស ទេវតា ព្រហ្ម ទេទើបអាចប្រព្រឹត្តធម៌ដែលនាំឲ្យចិត្តជ្រះស្រលះរួចផុតពីទុក្ខបាន។ អបាយភូមិ៤ មិនអាចធ្វើរឿងនេះបានទេ។
ក្នុងជីវិតមនុស្សយើង ជាច្រើនលើកច្រើនសាណាស់ដែលយើងធ្វើរឿងមិនល្អ នឹកឃើញឡើងស្តាយក្រោយ ឬពេលខ្លះថែមទាំងគិតថាខ្លួនគ្មានតម្លៃ មិនជាបើ មិនសមជាមនុស្ស…អ្នកខ្លះថែមទាំងចង់ធ្វើអត្តឃាតទៀតផង។ ការភ្លើតភ្លើនភ្លេចខ្លួនមួយខណៈបែបនេះកើតមានចំពោះមនុស្សស្ទើរគ្រប់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអត្តភាពជាមនុស្សនៅមាន នោះឱកាសកសាងខ្លួនឲ្យល្អឡើងវិញឬល្អរហូតដល់កំពូល(សម្រេចធម៌ជាន់ខ្ពស់ដូចជាការក្លាយជាអរិយបុគ្គលជាដើម)នៅតែមាន។ ម្តងទៀត! អតីតកាលអាក្រក់យ៉ាងណាក៏ដោយ ប្រសិនបើជីវិតជាមនុស្សនៅមាន គ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមសាជាថ្មី ដើរក្នុងផ្លូវល្អរហូតទាល់តែក្លាយជាមនុស្សមានសេចក្តីសុខ សន្តិភាពម្នាក់។ ក្នុងសម័យពុទ្ធកាល ឃាតករអង្គុលីមាល៍ដែលបានសម្លាប់មនុស្ស៩៩៩នាក់ ក្រោយមកដឹងខ្លួនខុស ក៏ដើរក្នុងផ្លូវល្អឡើងវិញរហូតបានសម្រេចជាព្រះអរហន្តជាមនុស្សមានសន្តិភាពបំផុតម្នាក់។
ការណ៍នេះជាឧទាហរណ៍មួយបញ្ជាក់អំពីតម្លៃនៃជីវិតមនុស្ស គឺថាថ្វីត្បិតតែមានបញ្ហាលំបាកខ្លះៗប៉ុន្តែឱកាសនឹងក្លាយជាមនុស្សល្អគឺមានសម្រាប់គ្រប់គ្នា។ ឱកាសសម្រាប់ប្រតិបត្តិធម៌មានសម្រាប់គ្រប់គ្នា។ ឱកាសនឹងបានរួចផុតចាកសេចក្តីទុក្ខ មានសម្រាប់គ្រប់គ្នា។ ផ្ទុយទៅវិញសម្រាប់សត្វដែលភ្លាត់គតិទៅកើតក្នុងឋានក្រោម(នរក ប្រេត តិរច្ឆាន អសុរកាយ)វិញនោះ ពេញមួយជីវិតឥតមានពន្លឺនៃសេចក្តីល្អអាចជ្រាបចូលក្នុង សណ្តានចិត្តបានទេ។ គ្រប់ពេលវេលាមានតែចិត្តលោភលន់ ចង់បាន ខឹង អន្ទះអន្ទែង ស្អប់…. មានន័យថាសត្វប្រភេទនេះ គ្មានឱកាសហើយក៏មិនអាចប្រតិបត្តិអប់រំចិត្តខ្លួនឯងឲ្យល្អបានដែរ។ បើចិត្តអាក្រក់ហើយ ផលនៅតែអាក្រក់ដដែល។ អ្នកប្រាជ្ញទាំងឡាយតែងផ្តាំថា គ្មាននរណាម្នាក់ចង់ទៅឋានបែបនោះទេ តែការពិតមានសត្វច្រើនណាស់បានកើតក្នុងកំណើតប្រភេទនោះ។ នេះហើយអវិជ្ជាគឺសេចក្តីល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ល្អអាក្រក់ បុណ្យបាប។
ការដែលព្រះពុទ្ធសម្តែងថា កំណើតជាមនុស្សជារឿងមួយក្រក្រៃលែងដោយសារទី១មានសត្វជាច្រើនដែលធ្លាក់ចូលឋានថោកទាបក្រោមឋានមនុស្ស និងទី២គឺមនុស្សទោះបីស្ថិតក្នុងកាលៈទេសៈអាក្រក់យ៉ាងណាក៏ដោយក៏នៅតែមានឱកាសធ្វើល្អ ក្លាយជាមនុស្សល្អ កែខ្លួនឡើងវិញបាន។ ម្យ៉ាងទៀតមនុស្សអាចប្រតិបត្តិធម៌ដែលអាចធ្វើឲ្យចិត្តបានស្អាតបរិសុទ្ធដែលជាហេតុនាំមកនូវសេចក្តីសុខពិតប្រាកដ ជានិរត្តរ៍។
ចូរប្រើប្រាស់ទ្រព្យសម្បត្តិគឺជីវិតជាមនុស្សនេះឲ្យអស់ពីលទ្ធភាពក្នុងផ្លូវល្អផ្លូវដែលនាំតែសេចក្តីមកឲ្យ។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/
- I Uoyhttps://vijjea.com/author/uoypen/