” ព្រះពុទ្ធរូបប្រក់នាគ” សារមន្ទីជាតិក្រុងតូក្យូ (មីនា ២០២២)
ថ្ងៃមួយព្រះពុទ្ធអមដោយព្រះសង្ឃជាច្រើនអង្គ បានធ្វើដំណើរទៅកាន់តំបន់មួយឈ្មោះកេសបុត្រដែលជាទឹកដីរបស់ពួកក្សត្រិយ៍ឈ្មោះកាលមៈ។ ក្រោយពីបានធ្វើបដិសណ្ឋារកិច្ចចំពោះព្រះពុទ្ធរួចហើយ ពួកកាលាមក្សត្រិយ៍ក៏បានក្រាបទូលសួរព្រះពុទ្ធថា “មានគ្រូអាចារ្យ និងអ្នកបួសក្នុងសាសនាផ្សេងៗជាច្រើនបានមកកាន់ទីនេះ តែងតែព្យាយាមនិយាយពន្យល់នូវទស្សនៈ សាសនាឬជំនឿរបស់ខ្លួន ហើយមើលងាយ បណ្តុះបង្អាប់ទស្សនៈ សាសនាឬជំនឿរបស់អ្នកដទៃ។ ខ្ញុំព្រះករុណាទាំងឡាយឆ្ងល់ណាស់ថាតើក្នុងចំណោមគ្រូៗទាំងអស់នោះអ្នកណានិយាយពិត អ្នកណានិយាយកុហក? ” ព្រះពុទ្ធឆ្លើយតបថា ៖ ម្នាលមហារាជទាំងឡាយ! អ្នកទាំងឡាយ
១. កុំអាលប្រកាន់ជឿដោយគ្រាន់តែឮគេនិយាយប្រាប់
២. កុំអាលប្រកាន់ជឿលើទំនៀមទម្លាប់ឬប្រពៃណីដោយគ្រាន់តែវាត្រូវបានគេគោរពធ្វើតាមជាយូរមកហើយ
៣. កុំអាលប្រកាន់ជឿលើពាក្យចរចាមអារ៉ាមដោយគ្រាន់តែមានមនុស្សជាច្រើននិយាយថាដូច្នោះ
៤. កុំអាលប្រកាន់ជឿដោយអាងតាមគម្ពីរឬក្បួនតម្រាផ្សេងៗ
៥. កុំអាលប្រកាន់ជឿលើតក្កវិទ្យាដោយគ្រាន់តែវាមានការអះអាងប្រកបដោយហេតុផល
៦. កុំអាលប្រកាន់ជឿលើអនុមានឬលំនឹកស្មានទាំងឡាយដែលគ្រាន់តែជាការសន្និដ្ឋានផ្អែកលើរឿងពិតខ្លះៗជាឧទាហរណ៍
៧. កុំអាលប្រកាន់ជឿដោយគ្រាន់តែត្រិរិះតាមអាការៈដែលមើលឃើញ
៨. កុំអាលប្រកាន់ជឿដោយគ្រាន់តែវាត្រូវគ្នានឹងសេចក្តីយល់ឃើញរបស់ខ្លួន
៩. កុំអាលប្រកាន់ជឿដោយគ្រាន់តែខ្លឹមសារឬអ្នកនិយាយគួរឲ្យជឿទុកចិត្តបាន
១០. កុំអាលប្រកាន់ជឿដោយគ្រាន់តែអ្នកនិយាយជាគ្រូរបស់ខ្លួន
បន្ទាប់ពីអ្នកធ្វើការពិសោធន៍ដោយខ្លួនឯង ហើយដឹងច្បាស់ដោយខ្លួនឯងថា គំនិត ឬទស្សនៈទាំងនោះមិនល្អ ជាគ្រោះថ្នាក់ អ្នកប្រាជ្ញមិនឲ្យតម្លៃ អនុវត្តតាមហើយមិនផ្តល់ផលប្រយោជន៍ឬជាហេតុនាំមកនូវសេចក្តីទុក្ខ អ្នកត្រូវលះបង់ទស្សនៈទាំងនោះចោលចេញ។ ផ្ទុយទៅវិញនៅពេលដែលអ្នកដឹងដោយខ្លួនឯងថា គំនិតឬទស្សនៈទាំងនោះល្អ មិននាំគ្រោះថ្នាក់មកឲ្យ អ្នកប្រាជ្ញសរសើរ អនុវត្តតាមហើយផ្តល់ផលប្រយោជន៍ ឬសេចក្តីសុខមកឲ្យ ពេលនោះសឹមអ្នកទាំងអស់គ្នាទទួលយកពាក្យប្រៀនប្រដៅទាំងនោះ ហើយបន្តអនុវត្តវានៅក្នុងជីវភាពរស់នៅប្រចាំជានិច្ចតទៅ។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។