ទឹកជ្រោះ大川(Oko) ជាជ្រោះមួយក្នុងចំណោមជ្រោះល្បីទាំង១០០នៅប្រទេសជប៉ុនស្ថិតក្នុងខេត្តខាហ្គុស៊ីមា(មីនា ២០១៩)
មុនពេលចេញសាងផ្នួស ក្នុងនាមជារាជបុត្រ ព្រះសិទ្ធត្ថបានសិក្សាចប់សព្វគ្រប់នូវគម្ពីរ ទ្រឹស្តី ក្បួនច្បាប់ សិល្ប៍សាស្ត្រទាំងឡាយដែលចាំបាច់សម្រាប់ក្សត្រគ្រប់អង្គនាសម័យនោះ។ ព្រះពោធិសត្វបានសិក្សាមុខវិជ្ជានីមួយៗអំពីសំណាក់សាស្រ្តាចារ្យល្បីៗដ៏កំពូលនាសម័យនោះ ហើយដោយមកពីទេពកោសល្យ និងការខិតខំប្រឹងប្រែងជានិច្ច រាជបុត្រសិទ្ធត្ថតែងតែទទួលបានលេខមួយជានិច្ចក្នុងគ្រប់មុខវិជ្ជាដែលខ្លួនរៀនមិនថាជាក្បាច់គុន នព្វន្តឬ ទស្សនវិជ្ជានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយដើម្បីដោះស្រាយបញ្ហាជីវិត និងដើម្បីជួយមនុស្ស សត្វទាំងអស់ឲ្យរួចចាកពីសេចក្តីទុក្ខ បុត្រាក្សត្រសិទ្ធត្ថបានសម្រេចចិត្តលះបង់ចោលរាជប័ល្លង្គហើយចេញចាកទៅសាងផ្នួសក្នុងព្រះជន្មាយុ ២៩វស្សា។
ក្នុងភេទជាបព្វជិត ពេលដំបូងទ្រង់បានសាកល្បងចូលសិក្សាក្នុងសំណាក់គ្រូល្បីៗទាំងឡាយនាសម័យនោះ។ ពោធិសត្វមិនលះបង់ការព្យាយាមទេ ហេតុនេះហើយលោកតែងតែទទួលបានលទ្ធផលល្អជានិច្ចក្នុងការសិក្សា។ ក្នុងរយៈពេលដ៏ខ្លីព្រះពោធិសត្វបានរៀនវិជ្ជាទាំងនោះរហូតទាល់តែគ្រូលែងមានអ្វីត្រូវបង្រៀនទៀត។ ទោះបីជាយ៉ាងនេះក៏ដោយ ព្រះពោធិសត្វនៅតែចាកចេញពីគ្រូទាំងនោះ ព្រោះដឹងច្បាស់ថាបំណងប្រាថ្នារបស់ខ្លួនដើម្បីចាកចេញពីទុក្ខមិនទាន់បានសម្រេចទេ។
បន្ទាប់ពីបំពេញសេចក្តីព្យាយាមអស់ជាច្រើនឆ្នាំក្រោយមក ព្រះពោធិសត្វបានសម្រេចការត្រាស់ដឹងគឺរកឃើញផ្លូវចាកចេញពីទុក្ខលំបាកគ្រប់បែបយ៉ាង។ ដោយមេត្តានិងករុណាឥតព្រំដែនចំពោះមនុស្សលោក ព្រះអង្គបានចែករំលែកចំណេះដឹងទាំងនោះចំពោះមនុស្សទាំងឡាយអស់រយៈពេល៤៥ឆ្នាំ។
រយៈពេល៤៥ឆ្នាំនោះព្រះពុទ្ធបានបង្រៀនតែធម៌ដែលជាវិន័យ ឬច្បាប់ ឬមេរៀនជីវិតដែលអាចយកមកប្រតិបត្តិដើម្បីសេចក្តីសុខផ្ទាល់ខ្លួននិង សេចក្តីសុខក្នុងសង្គម។ ឥតមានអ្វីលើសពីនេះទេ។ ធម៌ដើម្បីប្រតិបត្តិ ដើម្បីសេចក្តីសុខរបស់មនុស្សជាតិ។
ដូចដែលបានរៀបរាប់មកខាងលើនេះចំណេះដឹងរបស់ព្រះពុទ្ធមានច្រើនណាស់ ព្រោះព្រះអង្គបានរៀនសូត្រមុខវិជ្ជាច្រើនបែបច្រើនយ៉ាងណាស់កាលមិនទាន់បានត្រាស់ដឹង។ ដូច្នេះហេតុអ្វីបានជាព្រះអង្គមិនបង្រៀនមេរៀនផ្លូវលោកផ្សេងៗផង?
ពេលមួយព្រះពុទ្ធរួមនឹងព្រះសង្ឃជាច្រើនអង្គបានគង់នៅក្នុងកូនព្រៃតូចមួយ។ ជាទម្លាប់ព្រះសង្ឃតែងតែប្រជុំគ្នា ដើម្បីសិក្សាមេរៀនជីវិតពីព្រះពុទ្ធ។ ពេលមួយនោះព្រះពុទ្ធបានរើសស្លឹកឈើងាប់មួយក្តាប់តូច ហើយក៏សួរព្រះសង្ឃទាំងអស់ថា “តើស្លឹកឈើ ក្នុងកណ្តាប់ដៃតថាគត និងស្លឹកឈើក្នុងព្រៃនេះមួយណាច្រើនជាង?’’
មិនចាំបាច់គិតផងព្រះសង្ឃទាំងអស់ក៏តបថា “មានអីពិបាក ប្រាកដជាស្លឹកឈើក្នុងព្រៃហើយដែលច្រើនជាងនោះ ស្លឹកឈើក្នុងដៃព្រះអង្គតិចតួចណាស់។’’ ព្រះពុទ្ធក៏បន្តការសន្ទនាថា’’ មែនហើយ ពិតមែនហើយ! រឿងដែលតថាគតដឹងមានច្រើនដូចជាស្លឹកឈើដែលស្ថិតក្នុងព្រៃនេះឯង រីឯអ្វីដែលតថាគតបង្រៀនឬនិយាយវិញគឺតិចតួចដូចជាស្លឹកឈើមួយក្តាប់នេះឯង។ តថាគតបង្រៀនអ្នកទាំងអស់គ្នាតែរឿងដែលពិតប្រាកដហើយមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ រីឯរឿងផ្សេងៗពីនេះមិនមែនជាកិច្ចការរបស់តថាគតទេ។”
បើអ្នកប្រតិបត្តិតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធ អ្នកនឹងទទួលបានសេចក្តីសុខ សុភមង្គលពិតប្រាកដ។ ការបង្រៀនទាំងស្រុងគឺដើម្បីគោលបំណងនេះ រីឯរឿងក្បូនច្បាប់ កីឡា ការរកស៊ី ទម្លាប់ ប្រពៃណី សាសនា និកាយ ទស្សនវិជ្ជា នយោបាយ ក្រុម បក្សពួកនិយមជាដើម ព្រះពុទ្ធមិនចាប់អារម្មណ៍ទេ បើអ្នកពេញចិត្តវាជារឿងរបស់អ្នក ព្រះពុទ្ធគ្មានមតិយោបល់ចំពោះរឿងនេះទេ។ ប៉ុន្តែបើអ្នកត្រូវការសេចក្តីសុខ ការបង្រៀនរបស់ព្រះពុទ្ធអាចជួយអ្នកបាននៅពេលដែលអ្នកធ្វើតាម។
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។