Search

មេឃមានពណ៌ខៀវពេលថ្ងៃ ពេលល្ងាចពណ៌ក្រហម? តើហេតុអ្វី?

ចែករំលែក

មាតិកា

 

គំហើញកើតឡើងអាស្រ័យនឹងពន្លឺ ហេតុនេះពេលយប់ងងឹតគេមិនអាចមើលឃើញអ្វីទេ។  ពន្លឺមានច្រើនប្រភេទអាស្រ័យនឹងជំហ៊ានរលកដែលកំណត់វា។ មនុស្សយើងមិនអាចមើលឃើញគ្រប់ប្រភេទពន្លឺនោះទេ។ ពន្លឺដែលយើងអាចមើលឃើញគឺជាពន្លឺដែលមានជំហ៊ានរលកចន្លោះពី400-700nm ហើយពណ៌ដែលចេញពីរលកនេះគឺដូចជាពណ៌ឥន្ទធនូទាំង៧ពណ៌ដែរ។ តាមលំដាប់ជំហ៊ានរលកពីខ្លីទៅវែងគឺ ស្វាយ ទឹកប៉ិច​ ខៀវ បៃតង លឿង លឿងចាស់(ទឹកក្រូច) ក្រហម។​

https://www.horiba.com/fileadmin/uploads/Affiliates/hor/HIP/Spectrum/index.html

រូបភាព១ ជំហ៊ានរលកនិងស្ប៉ិចពន្លឺ

ពន្លឺព្រះអាទិត្យធ្វើដំណើរឆ្លងកាត់លំហរួចមកដល់ផែនដី។​ ស្រទាប់បរិយាកាសដែលគ្រប់ដណ្តប់ផែនដីពោរពេញដោយខ្យល់ដែលផ្សំឡើងដោយភាគល្អិត ឬម៉ូលេគុលតូចៗជាច្រើនដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបាន។ ​​ ពន្លឺគឺជារលក(wave, oscillation)ហើយក៏ជារូបធាតុ(ផូតុង)(matter, photon)ផងដែរ។​ មុនពេលធ្វើដំណើរដល់ផែនដី ពន្លឺប៉ះទង្គិចជាមួយនឹងភាគល្អិតនៃខ្យល់ក៏បែកសាយ(ផ្ទុះបែក)(បន្សាយពន្លឺ light scattering)តាមទិសផ្សេងៗ។ មួយផ្នែកនៃពន្លឺត្រលប់ទៅក្នុងលំហវិញ(ចំណាំងផ្លាត reflection) រីឯផ្នែកដែលនៅសល់បន្តធ្វើដំណើររហូតដល់ផ្ទៃផែនដី។

បន្សាយពន្លឺមានច្រើនប្រភេទ។ ចំណុចពិសេសគឺថា​ នៅពេលដែលភាគល្អិតដែលមានទំហំយ៉ាងតូច(តូចជាងជំហ៊ានរលកនៃពន្លឺ)ប៉ះទង្គិចជាមួយពន្លឺ ពន្លឺដែលមានជំហ៊ានរលកខ្លីងាយនឹងបែកសាយជាងពន្លឺដែលមានជំហ៊ានរលកវែង។ ហេតុនេះពន្លឺពណ៌ស្វាយ និងខៀវងាយមានបន្សាយជាងពណ៌ទឹកក្រូចនិងក្រហម។ កូនរលកតូចៗដែលកើតចេញពីការប៉ះរវាងរលកពន្លឺនឹងភាគល្អិតក្នុងបរិយាកាស បន្តប៉ះជាមួយភាគល្អិតផ្សេងទៀតហើយបែកសាយជាភាគល្អិត(កូនរលក)ផ្សេងៗទៀត។ ដំណើរការនេះកើតឡើងជាប់ជានិច្ចដដែលៗ ជាហេតុធ្វើឲ្យរលកពន្លឺប្រភេទនេះ(ស្វាយ ខៀវ)មានច្រើនលើសលុបពាសពេញមេឃ។ តាមការជាក់ស្តែង បើគិតពីបរិមាណ ពណ៌ស្វាយជាប្រភេទពន្លឺដែលងាយបែកសាយខ្លាំងជាងគេ។ ប៉ុន្តែការបែកសាយនៃពន្លឺពណ៌ស្វាយនេះមានកម្រិតខ្លាំងពេកជាហេតុធ្វើឲ្យថាមពលវាថយចុះខ្លាំងទម្រាំមកដល់ផ្ទៃដី ឬអាចថាមើលលេងឃើញ។ ជាលទ្ធផល ពន្លឺពណ៌ខៀវដែលមានការសាយចេញដែរតែមិនខ្លាំងពេក មានចំនួនច្រើនលើសពន្លឺផ្សេងៗជាហេតុនាំឲ្យយើងមើលឃើញមេឃមានពណ៌ខៀវ។ បាតុភូតសាយចេញនៃពន្លឺតាមរបៀបនេះគេហៅថា បន្សាយRayleigh។ ចំណែកពន្លឺដែលមានជំហ៊ានរលកវែង(ក្រហម) មិនងាយប៉ះទង្គិចជាមួយភាគល្អិតតូចៗនៃបរិយាកាសទេ។ ហេតុនេះវាមិនកើនចំនួនដូចពន្លឺដែលមានជំហ៊ានរលកខ្លីនោះទេ។ និយាយម្យ៉ាងទៀតថា ដោយសារចំនួនវាតិចពេកធៀបនឹងពណ៌ខៀវដូចនេះពេលថ្ងៃយើងមើលមេឃមិនឃើញពណ៌ក្រហមទេ។

រូបភាព២ កម្រិតបន្សាយRayleigh

https://study-z.net/100071126

រូបភាព៣ លក្ខខណ្ឌនៃបន្សាយRayleigh

ចំពោះពេលព្រឹកព្រលឹមឬពេលល្ងាចវិញ ព្រះអាទិត្យស្ថិតនៅទីតាំងទាបជាងពេលថ្ងៃ ជាហេតុនាំឲ្យចម្ងាយដែលពន្លឺត្រូវឆ្លងកាត់ស្រទាប់បរិយាកាសឆ្ងាយជាងមុន។ ចម្ងាយដាលនៃពន្លឺកាន់តែឆ្ងាយ ជាហេតុនាំឲ្យបន្សាយពន្លឺ (ដែលកើតចេញពីរលកប៉ះនឹងភាគល្អិតនៃខ្យល់)មានសភាពខ្លាំងក្លាជាងពេលថ្ងៃ(ចម្ងាយដាលនៃពន្លឺជិត)។  ជាលទ្ធផលសូម្បីតែពន្លឺពណ៌ខៀវក៏ត្រូវខ្សោយថាមពលរហូតមើលមិនឃើញដែរ។ ចុងក្រោយពន្លឺដែលមិនងាយបែកសាយដូចជាពណ៌ក្រហមនិងទឹកក្រូចត្រូវនៅសល់ច្រើនជាងគេដែលជាហេតុធ្វើឲ្យផ្ទៃមេឃពេញទៅដោយពណ៌បែបនេះ។

https://bura-tabi.com/soranoaosa-chigauriyu/

រូបភាព៤ ចម្ងាយដំណាលនៃពន្លឺកាត់បរិយាកាស

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។