កថាមុខ
នៅក្នុងរូបវិទ្យាបរិមាណដែលជួបញឹកញាប់គឺ បន្លាស់ទី ល្បឿន កម្លាំងដែលសុទ្ធតែជាទំហំវ៉ិចទ័រ។ ម្យ៉ាងទៀតចរន្តខ្យល់ និងចរន្តទឹកជាដើមសុទ្ធតែជាលំហដែលកើតចេញពីសំណុំវ៉ិចទ័រ។ ហេតុនេះដើម្បីដឹងពីបម្រែបម្រួលនៃបាតុភូតរូបវិទ្យាទាក់ទងនឹងលំហឬពេលវេលា ជាចាំបាច់គេត្រូវសិក្សាលើដេរីវេនៃទំហំទាំងនោះ។ ដូចគ្នានេះដែរនៅពេលគេចង់គិតពីលក្ខខណ្ឌលំនឹងឬចលនាចេញចូលនៃទំហំរូបវិទ្យាណាមួយ ជាចាំបាច់គេត្រូវសិក្សាលើអាំងតេក្រាលរបស់វា។ ផ្នែកមួយនៃគណិតវិទ្យាអនុវត្តន៍ (Applied Mathematics) ដែលផ្តោតទៅលើដេរីវេនិងអាំងតេក្រាលនៃទំហំវ៉ិចទ័រហៅថា វិភាគវ៉ិចទ័រ(Vector Analysis) ។
ពិតណាស់វិភាគវ៉ិចទ័រគឺជាផ្នែកមួយនៃគណិតវិទ្យា។ ប៉ុន្តែដោយហេតុថាឯកសារនេះសរសេរឡើងសម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សារូបវិទ្យា និងវិស្វកម្ម របៀបនៃការសរសេរ និងពន្យល់មានភាពខុសគ្នាពីមេរៀនបែបគណិតវិទ្យា។ នៅក្នុងឯកសារគណិតវិទ្យាជាច្រើនទ្រឹស្តី ការបកស្រាយ សញ្ញាជាដើមចាំបាច់ត្រូវតែត្រឹមត្រូវស្របតាមគោលការណ៍គណិតវិទ្យា។ ហើយជាលទ្ធផលសៀវភៅបែបនេះគឺមានលេខច្រើនជាងអក្សរដែលងាយយល់សម្រាប់តែអ្នកគណិតវិទ្យា។ ផ្ទុយទៅវិញក្នុងឯកសារវិភាគវ៉ិចទ័រនេះ គោលការណ៍គណិតវិទ្យាត្រូវបានរក្សាដដែល តែវាមិនមែនជាចំណុចដែលខ្ញុំផ្តោតនោះទេ។ ខ្ញុំផ្តោតសំខាន់លើអត្ថន័យរូប(Physical Meaning) ឬលក្ខណៈរូប (Physical Property) នៃសមីការនិងការគណនាផ្សេងៗ។ លើកលែងតែមេរៀនមូលដ្ឋានគ្រឹះនៃវ៉ិចទ័រដែលជាចំណុចចាប់ផ្តើម ក្នុងមេរៀននីមួយៗគ្រប់សមីការ និងការគណនាសុទ្ធតែមានការបកស្រាយពន្យល់អំពីអត្ថន័យនិងការអនុវត្តរបស់វា។
ខាងក្រោមនេះជាមាតិកានៃមេរៀនវិភាគវ៉ិចទ័រទាំងស្រុង។ នេះជាឯកសារដំបូង។ ទោះចង់ឬមិនចង់ក៏កំហុសដោយអចេតនាអាចកើតមានជាធម្មតា។ ខ្ញុំនឹងព្យាយាមកែសម្រួលបន្តិចម្តងៗដើម្បីឲ្យឯកសារនេះកានតែល្អទៅៗហើយបានជាប្រយោជន៍សម្រាប់សាធារណជន និងជាពិសេសសម្រាប់អ្នកសិក្សារូបវិទ្យានិងវិស្វកម្ម។
មាតិកា
សូមចុចលើមាតិកានីមួយៗដើម្បីអានមេរៀន!
- សញ្ញាណវ៉ិចទ័រ និងលក្ខណៈគ្រឹះនានា
- អនុគមន៍វ៉ិចទ័រអថេរទោល Vector Funtion of a Single Variable
- ចម្ងាយចរ និងចំណោត Distance and Gradient
- បន្សាយ និងឡាផ្លាស Divergence and Laplace
- រង្វិលនៃដែនវ៉ិចទ័រ Rotation(Curl) of a Vector Field
- ប៉ូតង់ស្យែល Potential
- អាំងតេក្រាលខ្សែ Line Integral
- អាំងតេក្រាលផ្ទៃ Surface Integral
- ទ្រឹស្តីបទGauss ឬ ទ្រឹស្តីបទបន្សាយ Gauss Theorem or Divergence Theorem
- ទ្រឹស្តីបទ Stoke និងទ្រឹស្តីបទ Green
- មេរៀនសង្ខេប
តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។