Search

វិទ្យាសាស្ត្រ និងការបង្រៀនរបស់ព្រះពុទ្ធ Science and Buddha’s Teachings

ចែករំលែក

មាតិកា

អត្ថបទនេះជាផ្នែកទី១នៃអត្ថបទ សមាធិក្នុងពេលពិបាក Meditation in Trouble Times

*****************************************************

ថ្ងៃនេះខ្ញុំនឹងនិយាយជាមួយអ្នកទាំងអស់គ្នាអំពីវិបស្សនាដែលជាសមាធិមួយបែបដែលជួយឱ្យយើងអាចរស់នៅបានដោយល្អក្នុងពិភពលោកបច្ចុប្បន្នដែលពោរពេញដោយភាពមិនច្បាស់លាស់។ មានមនុស្សជាច្រើនមានអារម្មណ៍ថាគេកំពុងតែរស់នៅក្នុងពេលវេលាដ៏លំបាក។ គ្រប់គ្នាកំពុងមានអារម្មណ៍ថា “ មានអ្វីម្យ៉ាងកំពុងធ្វើបាបខ្ញុំ! ” ។ រឿងខ្លះវាជាបញ្ហាផ្ទាល់ខ្លួនខ្ញុំ ហើយខ្លះទៀតជាបញ្ហានៃសហគមន៍ ឬប្រទេសរបស់ខ្ញុំ។ បញ្ហាបែបណាក៏ដោយក៏សុទ្ធតែនាំឱ្យខ្ញុំបាត់បង់សេចក្តីសុខរបស់ខ្លួន។

នៅពេលប្រឈមមុខចំពោះបញ្ហា រឿងដំបូងដែលយើងត្រូវចងចាំគឺថា មនុស្សយើងមានលទ្ធភាពត្រលប់ទៅរកភាពស្ងប់ស្ងាត់ឬសន្តិភាពផ្លូវចិត្តវិញ។ គ្រប់គ្នាមានសមត្ថភាពនេះពីកំណើត។ អារម្មណ៍ស្ងប់មាននៅក្នុងខ្លួនរបស់យើង។ វាជាសមិទ្ធផលនៃប្រព័ន្ធប្រសាទរបស់យើង ហើយសមាធិជាឧបករណ៍ម្យ៉ាងដែលអាចសើរើឬបង្កើតសេចក្តីសុខស្ងប់ផ្លូវចិត្តឡើងវិញ។ ពេលដែលគំនិត ឬអារម្មណ៍កើតឡើងក្នុងចិត្ត ជាធម្មតាយើងមានទំនោរផ្តល់ជំនឿលើរឿងទាំងនោះទាំងស្រុង ហើយធ្វើប្រតិកម្មទៅតាមតែការបញ្ជារបស់គំនិត និងអារម្មណ៍នោះ។

ពេលដែលយើងរៀនធ្វើសមាធិ យើងរៀនពិនិត្យមើលចិត្តនិងកាយ។ យើងរៀនពិនិត្យមើលគំនិត និងអារម្មណ៍ដែលកើតចេញពីវេទនា(sensation)។ នៅក្នុងភាសាខ្មែរ “ វេទនា ”សំដៅដល់ភាពអវិជ្ជមានតែម្យ៉ាង តែនៅក្នុងអត្ថបទនេះវេទនា(sensation)គឺជាភាសាបាលីដែលសំដៅដល់ស្ថានភាពទាំងបីនៃរាងកាយគឺ ភាពស្រណុកសុខស្រួល ទុក្ខលំបាកនិងស្ថានភាពមិនសុខមិនទុកឬស្ថានភាពជាកណ្តាល។ និយាយរួមគឺអ្វីៗគ្រប់យ៉ាងដែលកើតឡើងលើសារពាង្គកាយរបស់យើងហៅថាវេទនា។ វាអាចជាកម្តៅ សម្ពាធ ភាពញ័រៗ ភាពស្ពឹក ភាពកករឹង ការរសើប ជាដើម។

វេទនាជាអ្នកបង្កើតគំនិត និងអារម្មណ៍ ហើយក៏ជាអ្នកបង្កើតប្រតិកម្មរបស់យើងចំពោះគំនិត និងអារម្មណ៍ផងដែរ។ មិនត្រឹមតែចិត្តទេ កាយក៏រស់នៅដោយសារគំនិត និងអារម្មណ៍ដែរ ហើយតាមរយៈការពិនិត្យមើលវេទនា ជាជាងធ្វើប្រតិកម្មទាំងងងឹតងងល់(លើវេទនា) ឬក៏គ្រាន់តែជឿលើគំនិត និងអារម្មណ៍ យើងក្លាយជាអ្នកពិនិត្យការពិតតាមសភាពធម្មតារបស់វា។ ហើយការពិតគឺ យើងកំពុងរស់នៅក្នុងសំណុំនៃការផ្លាស់ប្តូរនៃភាគល្អិតតូចៗ (small particles)។

ព្រះពុទ្ធបង្រៀនថាបាតុភូតគ្រប់យ៉ាងក្នុងលោកមិនទៀងទេ វាប្រែប្រួលជានិច្ច។ ក្នុងវិទ្យាសាស្រ្តទំនើប យើងដឹងថារាងកាយរបស់យើងផ្សំឡើងដោយភាគល្អិតតូចៗ។ គេចែកភាគល្អិតទាំងនោះជាថ្នាក់តាមទំហំរបស់វាដូចជា ម៉ូលេគុល អាតូម និងភាគល្អិតដែលតូចជាងអាតូមទៀត ។ យើងកើតចេញពីការផ្សែផ្សំនៃរបស់ទាំងអស់នេះ។ ហើយរូបធាតុទាំងអស់នេះត្រូវគោរពតាមច្បាប់អង់ត្រូពី (entropy) ដែលពន្យល់ថារូបធាតុទាំងអស់មានទំនោរទៅរកការវិនាសអន្តរាយ។ ដូចនេះកាយនិងចិត្តរបស់យើងនឹងត្រូវបាត់បង់នៅថ្ងៃណាមួយ។ ប៉ុន្តែវិទ្យាសាស្ត្រមិនបានបង្រៀនយើងឱ្យរស់នៅក្នុងការពិតហើយបម្លែងការពិតនេះដើម្បីជាប្រយោជន៍នោះទេ។ បម្លែងមានន័យថា យើងអាចទៅហួសភាពមិនទៀង សេចក្តីទុក្ខ សេចក្តីលំបាកដែលជីវិតផ្តល់មកឱ្យយើង។ ខុសពីវិទ្យាសាស្ត្រ ផ្លូវរបស់ព្រះពុទ្ធបង្រៀនឱ្យយើងអាចបង្កើតអារម្មណ៍មួយបែបដែលផ្តល់តម្លៃឱ្យជីវិត ដែលធ្វើឱ្យជីវិតយើងមានន័យ មានតម្លៃ និងមានគោលដៅបើទោះបីជាជីវិតមិនទៀង ហើយគង់នឹងបាត់បង់នៅថ្ងៃណាមួយក៏ដោយ។ ដូចនេះ ក្នុងនាមជាសិស្សរបស់ព្រះពុទ្ធ យើងក៏យល់ស្របតាមវិទ្យាសាស្ត្រទំនើបនៃអង់ត្រូពីផងដែរ ។ តែយើងក៏ដើរហួសវិទ្យាសាស្ត្រត្រង់ថា មាគ៌ាបុរាណរបស់ព្រះពុទ្ធនាំឱ្យយើងដើរស្វែងរកអ្វីដែលលើសពីភាពមិនទៀងនិងការផ្លាស់ប្តូរនៃជីវិត។

************************************

សម្រាប់ផ្នែកទី២នៃអត្ថបទសូមចុចនៅទីនេះ

សូមចុចនៅត្រង់នេះដើម្បីមើលមាតិកាទាំងស្រុង

[email protected] | + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។