អំណោយ

ចែករំលែក

មាតិកា

ព្រះសង្ឃមួយអង្គបានចំណាយពេលពេញមួយជីវិតដើម្បីបង្រៀនសិស្សនិងអ្នកស្រុកឲ្យរស់នៅប្រកបដោយសន្តិភាពតាមមាគ៌ារបស់ព្រះពុទ្ធ។ ដោយសេចក្តីល្អ និងគុណធម៌ផ្សេងៗរបស់លោក អ្នកស្រុកជាច្រើនគោរពស្រឡាញ់លោកនិងចាត់ទុកលោកជាគ្រូធំប្រចាំស្រុក។ ចំពោះសេចក្តីស្លាប់ ល្អ អាក្រក់ សង្ឃឬគ្រហស្ថមិនខុសគ្នាទេ។ វេលាមកដល់លោកតាបានដឹងច្បាស់ថាតែពីរបីថ្ងៃទៀតទេលោកនឹងត្រូវលាចាកលោកនេះហើយ លោកក៏ចាប់ផ្តើមឈប់ឆាន់អាហារ។ អ្នកដែលមានសទ្ធាជ្រះថ្លាចំពោះលោកដូចជាមេស្រុក សេដ្ឋី អ្នកមានមុខមាត់ទាំងឡាយ និងអ្នកស្រុកជាច្រើននាក់បានយកអាហារប្រណិតៗ មានតម្លៃថ្លៃ គួរឲ្យឆ្ងាញ់ជាប់ចិត្តមកប្រគេនលោកតាសូមឲ្យលោកឆាន់ដើម្បីនឹងមានសុខភាពល្អប្រសើរឡើងវិញ។ ក្នុងនាទីចុងក្រោយនេះលោកតាបដិសេធមិនព្រមទទួលចង្ហាន់ទេ។ ចង្ហាន់របស់ឯកឧត្តម លោកតាមិនទទួល ។ ចង្ហានរបស់ឧកញ៉ា លោកតាមិនទទួល ចង្ហាន់របស់មេស្រុក លោកតាមិនទទួល…គេចាត់វេនចូលប្រគេនចង្ហាន់តាមរបៀបនេះរហូតដល់វេនអ្នកស្រុកធម្មតាហើយលោកតានៅតែមិនព្រមទទួល។ លើកចុងក្រោយគេឃើញក្មេងប្រុសម្នាក់ល្បីថាជាអ្នកក្រជាងគេ រកព្រឹកខ្វះល្ងាច ចិញ្ចឹមខ្លួនស្ទើមិនរស់ បានយកអាហារដែលខ្លួនរកបានដោយពិបាកមកប្រគេនលោកតា។ អាហារនោះមិនគួរឲ្យចង់បរិភោគទេតែលោកតាញញឹមហើយក៏ទទួលចង្ហាន់នោះឆាន់ដោយស្ងប់ស្ងៀម។ បន្ទាន់ពីឆាន់រួចហើយលោកតាក៏និយាយទៅកាន់អ្នកស្រុកថា “ការលះបង់ចេញពីចិត្តមានតម្លៃមិនអាចកាត់ថ្លៃបានទេ របស់សម្រាប់ឲ្យមិនសំខាន់ទេ ទឹកចិត្តសំខាន់ជាង”។ នេះជាចង្ហាន់ចុងក្រោយរបស់លោកតាហើយក៏ជាការបង្រៀនចុងក្រោយផងដែរ។

[email protected] |  + posts

តាំងតែពីថ្នាក់ទី១០(ឆ្នាំ២០១០)រហូតដល់រៀនចប់ ក្រៅពីការសិក្សាផ្ទាល់ខ្លួន ខ្ញុំតែងតែចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មិត្តភក្តិជានិច្ច។ ទម្លាប់នេះ ធ្វើឲ្យខ្ញុំមានគំនិតរៀបចំវែបសាយនេះឡើងដោយសង្ឃឹមថាវានឹងបានជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ ខ្ញុំរីករាយនឹងបន្តកិច្ចការចែករំលែកនេះតទៅទៀត។